(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាតេលា បានឧបត្ថម្ភផ្តល់ថវិកាចំនួន ៥០.០០០ដុល្លារអាមេរិក ដើម្បីយកទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។ ពិធីប្រគល់ និងទទួលនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា ។
លោក កើត ឆែ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា ដែលបានឧបត្ថមជាថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាទាំងមូលបានទាន់ពេលវេលា ។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ១៩ ៕