ប្រព័ន្ធផ្លូវថ្នល់នៅកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយបានតភ្ជាប់ទៅកាន់តំបន់នានា ច្រើនឡើងៗ នៃប្រទេស និងបានកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកដំណើរ។ ទាំងនេះ គឺជាទិសដៅធ្វើដំណើរតាមដងផ្លូវ ដែលយើងចូលចិត្ដ នៅក្នុងប្រទេសកម្ពុជា ដែលអ្នកអាចនឹងចង់សាកល្បងធ្វើដំណើរជាមួយក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នក ក្នុងដំណើរកម្សាន្តថ្ងៃឈប់សម្រាកបន្ទាប់របស់អ្នក។
១- ខេត្ដកំពត
ជាធម្មតាត្រូវចំណាយពេលតិចជាង ៤ ម៉ោង ដោយធ្វើដំណើរចេញពីចំណតរថយន្ដកាពីតូល ខេត្ដកំពត គឺជាកន្លែងដ៏អស្ចារ្យមួយ សម្រាប់ការសម្រាកលម្ហែកាយ។ ខ្ញុំ ធ្វើដំណើរក្បែរជើងភ្នំបូកគោ ជាមួយនឹងផ្លូវថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងប្រទេសកម្ពុជា គឺពិតជារីករាយណាស់។ មើលពីខាងលើ អ្នកនឹងឃើញទេសភាពដ៏អស្ចារ្យបំផុតមួយ ដែលអាចនឹកស្រមៃដល់ ទីជនបទ និងឆ្នេរសមុទ្រនៅពីក្រោម។ ខេត្ដកំពត គឺត្រូវបើកបរត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះពីឆ្នេរ និងផ្សារក្តាមនៅកែប។ ឥឡូវនេះ គឺមានសេវាកម្មរថភ្លើងពីភ្នំពេញទៅកំពត ដូច្នេះប្រសិនបើ អ្នកមិនធ្លាប់ធ្វើដំណើរតាមរថភ្លើងនៅកម្ពុជាពីមុនមកទេនោះ នេះអាចជាឱកាសមួយដើម្បីសាកល្បង។
២- ខេត្ដបាត់ដំបង
ជាធម្មតាត្រូវធ្វើដំណើរពី ៥-៦ ម៉ោងពីភ្នំពេញ និងប្រហែល ៣ ម៉ោងប៉ុណ្ណោះ ពីខេត្ដសៀមរាប ខេត្ដបាត់ដំបង គឺជាទីក្រុងដែលផ្ដល់ឱ្យអ្នកនូវភាពល្ហែល្ហើយ និងមានភាពរួសរវើក ប្រកបដោយវត្ថុដែលគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្បែរនោះ។ ខេត្ដបាត់ដំបង មានភាពល្បីល្បាញដោយសាររទេះធ្វើពីឫស្សី (ណូរី) ដែលមានលក្ខណៈប្លែកតែមួយ និងគួរតែជិះលេង ប៉ុន្តែក្រៅពីនេះ ក៏មានភ្នំសំពៅផងដែរ ដែលជាវត្តនៅលើភ្នំ មានទេសភាពដ៏អស្ចារ្យបើមើលពីកំពូលភ្នំ។ ជារៀងរាល់ថ្ងៃពេលព្រលប់ មានសត្វប្រចៀវរាប់លានក្បាល ហើរចេញពីរូងភ្នំ ដែលពិតជាទីកន្លែងដ៏អស្ចារ្យមែន។ ខេត្តបាត់ដំបង ក៏មានមាត់ទន្លេមួយ ដែលលាតសន្ធឹងនៅកណ្តាលទីក្រុងជាមួយនឹងកន្លែងដ៏អស្ចារ្យមួយចំនួន ដើម្បីទទួលយកភាពរីករាយពីការទទួលទានអាហារនិងភេសជ្ជៈបែបខ្មែរ។
៣- ខេត្ដក្រចេះ
ស្ថិតនៅភាគខាងកើត នៃប្រទេសកម្ពុជានៅលើដងទន្លេមេគង្គ ខេត្តក្រចេះ គឺជាទីក្រុងតូចមួយដែលល្បីល្បាញដោយសារសត្វផ្សោត។ ធ្វើដំណើរប្រហែលជា ៥ ទៅ ៦ ម៉ោងពីភ្នំពេញ ខេត្ដក្រចេះ គឺជាកន្លែងដ៏ល្អសម្រាប់សម្រាកលម្ហែកាយ និងទទួលយកបទពិសោធន៍ល្អពីធម្មជាតិ នៅប្រទេសកម្ពុជាក្នុងរយៈពេលពីរបីថ្ងៃ។ ការធ្វើដំណើរតាមទូក តាមដងទន្លេឆ្ពោះទៅរមណីដ្ឋានកាំពីដើម្បីមើលសត្វផ្សោត ដ៏កម្រ គឺជាសកម្មភាពសំខាន់មួយនៃដំណើរកម្សាន្ត ហើយក៏មានសកម្មភាពគួរឱ្យចាប់អារម្មណ៍មួយចំនួនទៀតរួមមាន ការជិះទូកកាយ៉ាក់ ដែលអាចជិះបាននៅក្នុងទីក្រុង។
៤- ខេត្ដកំពង់ធំ
ស្ថិតនៅចំណុចកណ្តាលរវាងភ្នំពេញ និងខេត្ដសៀមរាប (ធ្វើដំណើរប្រហែលជា ៣ ម៉ោង ពីភ្នំពេញ ឬខេត្ដសៀមរាប អាស្រ័យលើស្ថានភាពចរាចរណ៍) ខេត្ដកំពង់ធំ គឺមានផ្លូវធ្វើដំណើរងាយស្រួល ពីទីក្រុងទាំងពីរ។ ចំណុចលេចធ្លោបំផុត គឺក្រុមប្រាសាទសំបូរព្រៃគុហ៍ដ៏ទាក់ទាញ ដែលជាប្រាសាទ ដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលមិនសូវមានមនុស្សទៅទស្សនាច្រើនដូចប្រាសាទនានា ក្នុងខេត្តសៀមរាបទេ។ ហើយក៏មានឱកាសធ្វើដំណើរតាមទូក តាមដងទន្លេត្រឡប់មកក្រុងវិញ ហើយឥឡូវនេះ ខេត្ដកំពង់ធំ ថែមទាំងមានសណ្ឋាគារប្រណីតនិងសណ្ឋាគារលំដាប់កណ្តាល មួយចំនួន ដែលមានអាងហែលទឹក និងកន្លែងផ្សេងៗទៀត ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អមួយសម្រាប់សម្រាកលម្ហែកាយ មួយថ្ងៃ ឬពីរថ្ងៃ។
៥- ខេត្ដមណ្ឌលគិរី
ត្រូវធ្វើដំណើរ ៧ ឬ ៨ ម៉ោងពីចំណតរថយន្តកាពីតូល ខេត្តមណ្ឌលគីរី គឺស្ថិតនៅឆ្ងាយបន្តិច ប៉ុន្តែជាកន្លែងគួរឱ្យចាប់អារម្មណ៍មួយ ដែលសាកសមនឹងការធ្វើដំណើរ ប្រសិនបើអ្នកមានពេលទំនេរ។ ដោយសារទិសដៅនេះ គឺស្ថិតនៅលើភ្នំ ជាធម្មតា វាមានអាកាសធាតុត្រជាក់ជាងទីក្រុងភ្នំពេញ ជាពិសេសនៅពេលយប់។ គោលដៅទេសចរណ៍នៅទីនេះរួមមាន ជម្រកសត្វដំរីមួយចំនួន ដែលអ្នកអាចមើលឃើញដំរីមួយចំនួននៅក្នុងជម្រកព្រៃធម្មជាតិរបស់ពួកគេ ក៏ដូចជា ទឹកជ្រោះប៊ូស្រាដ៏ស្រស់ត្រកាល និងជាទីកន្លែងមកទស្សនាកម្សាន្ដដ៏ល្អបំផុត នៅរដូវវស្សា។