1. ទំព័រ​ដើម
  2. ព័ត៌មាន
  3. គន្លឹះទាំង៦ របស់តេលា ដើម្បីសន្សំសំចៃប្រេងឥន្ធន

គន្លឹះទាំង៦ របស់តេលា ដើម្បីសន្សំសំចៃប្រេងឥន្ធន

មានការងារជាច្រើន ដែលអ្នកអាចធ្វើបាន ដែលនឹងជះឥទ្ធិពលដល់បរិមាណនៃការប្រើប្រាស់ប្រេងឥន្ធនៈរបស់រថយន្ដអ្នក នៅពេលដែលអ្នកបើកបរនៅតាមដងផ្លូវ។ ប្រសិនបើអ្នកចង់សន្សំប្រាក់ខ្លះ ហើយប្រើប្រេងឥន្ធនៈរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន នៅទីនេះគឺជាគន្លឹះ ៦ យ៉ាងរបស់យើង…

១- ថែរក្សាសំបកកង់របស់អ្នក

 ការថែរក្សាសំបកកង់របស់អ្នក គឺជាគំនិតដ៏ល្អមួយ ប្រសិនបើអ្នកចង់សន្សំសំចៃប្រេង​ឥន្ធនៈ​។ សូមពិនិត្យ សម្ពាធ​​​កង់រថយន្តរបស់អ្នកជាប្រចាំ ជាពិសេសមុនពេល​អ្នកធ្វើដំណើរ​ចេញឆ្ងាយ​ពីទីក្រុង។ ការសប់ខ្យល់ឱ្យបានត្រឹមត្រូវ អាចធ្វើឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ សន្សំសំចៃរហូតដល់ ២%។

២-បន្ថយម៉ាស៊ីនត្រជាក់

វាអាចជារឿងលំបាកធ្វើ នៅពេលមានដីហុយនិងថ្ងៃក្តៅ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសបិទម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចបន្តិចជំនួសវិញ នោះអ្នកនឹងអាចសន្សំសំចៃប្រេងឥន្ធនៈបានខ្លះ។ ជាពិសេស នៅពេលបើកបរក្នុងល្បឿនយឺត ការបើកម៉ាស៊ីនត្រជាក់អាចបណ្ដាលឱ្យប្រើប្រាស់ប្រេងឥន្ធនៈអស់ច្រើន។

៣- បើកបរប្រកបដោយការគិតពិចារណា

នេះ គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត ក្នុងការសន្សំសំចៃប្រេងឥន្ធនៈ។ នៅពេលដែលអ្នកជាន់ហ្វ្រាំងយ៉ាងខ្លាំង បន្ទាប់មកបង្កើនល្បឿនខ្លាំង និងបន្ទាប់មកទៀតក៏ជាន់ហ្វ្រាំងយ៉ាងខ្លាំងទៀតនោះ! ការបើកបរបែបនេះ គឺប្រើប្រាស់ប្រេងឥន្ធនៈច្រើន។ ការបើកបរក្នុងល្បឿនយឺត និងថេរ អ្នកនឹងប្រើប្រាស់ប្រេងឥន្ធនៈតិចជាងមុន។ ល្បឿន ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាល្បឿនដ៏មានប្រសិទ្ធិភាពមួយ ក្នុងការធ្វើដំណើរ។ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពស្ទះចរាចរណ៍ សូមចៀសវាងការបង្កើនល្បឿន ដើម្បីតាមឱ្យទាន់រថយន្តនៅខាងមុខ មុនពេលជាន់ហ្វ្រាំង។ សូមព្យាយាមបើកបរក្នុងល្បឿនថេរ។

៤- ថែរក្សារថយន្តរបស់អ្នកឱ្យបានល្អ

វា គឺជាការចាំបាច់ណាស់ ដែលអ្នកត្រូវថែរក្សារថយន្តរបស់អ្នកឱ្យបានល្អ ដើម្បីប្រើប្រាស់ប្រេងឥន្ធនៈ ប្រកបដោយប្រសិទ្ធភាព។ ការប្រើប្រាស់ប្រេងប្រេងម៉ាស៊ីនត្រឹមត្រូវក៏ជាកត្តាសំខាន់ផងដែរ។ អ្នកអាចរកមើលប្រេងម៉ាស៊ីនដែលអ្នកត្រូវប្រើ ដោយមើលនៅក្នុងសៀវភៅណែនាំអំពីយានយន្ដរបស់អ្នក។ ប្រសិនបើរថយន្ដរបស់អ្នកមិនបានទទួលសេវាកម្មថែទាំទេនោះ ឬតម្រងខ្យល់ ស្ថិតក្នុងស្ថានភាពមិនល្អ នោះការប្រើប្រាស់ប្រេងឥន្ធនៈ អាចនឹងកើនឡើងទ្វេដង។

៥- កាត់បន្ថយទម្ងន់

ប្រសិនបើរថយន្ដរបស់អ្នកកាន់តែធ្ងន់ ការចំណាយលើប្រេងឥន្ធនៈក៏កាន់តែច្រើន ដូច្នេះ ប្រសិនបើអ្នកដឹកអីវ៉ាន់ធ្ងន់ៗដែលមិនចាំបាច់ច្រើននៅក្នុងឃ្លុបខាងក្រោយនៃរថយន្ដរបស់អ្នក នោះវានឹងធ្វើឱ្យអ្នកប្រើប្រាស់ប្រេងឥន្ធនៈកាន់តែច្រើន។ នៅពេលធ្វើដំណើរជិតៗ សូម្បីតែប្រេងឥន្ធនៈពាក់កណ្តាលធុង ក៏អាចប្រើប្រាស់គ្រប់ដែរ។ ទម្ងន់ដែលអ្នកសន្សំក្នុងការផ្ទុកប្រេងឥន្ធនៈ នឹងជួយអ្នកសន្សំសំចៃប្រេងឥន្ធនៈ។

៦- ធ្វើដំណើរតិចជាងមុន

ម៉ាស៊ីនឡានដែលត្រជាក់ប្រើប្រាស់ប្រេងឥន្ធនៈច្រើន សម្រាប់ចម្ងាយពីរបីគីឡូម៉ែត្រដំបូង ដូច្នេះនៅពេលដែលអ្នកចាប់ផ្តើមចេញដំណើរ ដោយរៀបចំផែនការជាមុន ហើយរួមបញ្ចូល ការងារទាំងឡាយរបស់អ្នកដែលត្រូវធ្វើដំណើរជុំវិញទីក្រុង ដោយការធ្វើដំណើរសរុបតែម្ដង នោះអ្នកនឹងសន្សំសំចៃប្រេងឥន្ធនៈ និងសាច់ប្រាក់បានខ្លះ។

ប្រកាស​មុន
ក្រុមហ៊ុន កម្ពុជាតេលា បន្ថែមរថយន្ដដឹកជញ្ជូនចំនួន ១០០គ្រឿង ដល់ផ្នែកដឹកជញ្ជូនរបស់ខ្លួន
ប្រកាស​បន្ទាប់
វិធីសាស្រ្ដ នៃការថែទាំរថយន្ដរបស់អ្នក